តើកត្តាជីវភាព ពិតជាកំណត់វាសនាមនុស្សមែនទេ?
- mengthechick

- Mar 25, 2018
- 1 min read
ធ្លាប់លឺគេនិយាយថា "Life is Unfair"។ មែន! ជីវិតគឺពិតជាអយុត្តិធម៏មែន!
សុភា(ស្រីធា) ដែលខ្ញុំហៅថាប្អូនស្រីមុខផ្ទះរបស់ខ្ញុំ គឺជាក្មេងស្រីម្នាក់ដែលធ្វើឲ្យខ្ញុំយំពីរបីដង។ បន្ទាប់ពីនាងប្រឡងឌីប្លូម(ថ្នាក់ទី៩)ហើយ មិត្តភក្តិនាងមួយចំនួនមានគម្រោងទៅរៀនតនៅនេះនៅនោះ ហើយអ្នកខ្លះមានឪពុកម្ដាយរៀបចំអនាគតឲ្យ។ តែចំណែកនាងវិញ នាងអត់ឮឪពុកម្ដាយរបស់នាងនិយាយអ្វីទេពីការបន្តការសិក្សា ហើយនាងក៏មិនបានសុំឪពុកម្ដាយនាងទៅរៀនតនៅឯណាដែរ។
ខ្ញុំ៖ "ធា! ម៉េចអត់ទៅរៀនតចឹង?"
ធា៖ "ខ្ញុំចង់ណាស់ចែម៉េង តែធ្វើម៉េចបើម៉ែខ្ញុំអត់មានលុយ!"
គ្រាន់តែឮអញ្ចឹងភ្លាម ខ្ញុំស្ទុះភ្លែតទៅបន្ទប់ទឹក។ ទៅដល់បន្ទប់ទឹក ខ្ញុំស្រក់ទឺកភ្នែកច្រោកៗ។ ខ្ញុំមិននឹកស្មានថា ចម្លើយមួយម៉ាត់នោះចាក់ដោតបេះដូងខ្ញុំយ៉ាងនេះសោះ។ ដោតខ្លាំង! ដោតរហូតដល់ខ្ញុំតែងតែស្រក់ទឹកភ្នែក នៅពេលដែលខ្ញុំនឹកឃើញចម្លើយមួយម៉ាត់នោះ។ ហើយចាប់ពីពេលនោះមក ខ្ញុំដឹងថាខ្ញុំជាមនុស្សម្នាក់ដែលចង់ឲ្យក្មេងគ្រប់ៗគ្នា ជាពិសេសគឺក្មេងស្រី ឲ្យពួកគាត់បានរៀនចប់ យ៉ាងហោចណាស់ក៏បានបញ្ចប់ថ្នាក់វិទ្យាល័យដែរ។ ចម្លើយមួយម៉ាត់នោះ ក៏ធ្វើឲ្យខ្ញុំភ្ញាក់ខ្លួនថាខ្ញុំជាមនុស្សសំណាងម្នាក់ដែលមានឪពុកម្ដាយមានលទ្ធភាពឲ្យខ្ញុំបន្តការសិក្សារហូតមកដល់សព្វថ្ងៃនេះ។
***
ស្រីធា គឺជាក្មេងស្រីគ្រួសារកសិករម្នាក់ដែលមានចរិតស្លូតបូត ចូលចិត្តទៅរៀនជាមួយមិត្តភក្តិ បើទោះបីជានាងរៀនមិនសូវពូកែក៏ដោយ។ ឲ្យតែខ្ញុំទៅផ្ទះលើកណា ខ្ញុំតែងតែឃើញមិត្តភក្តិនាងបីបួននាក់ជិះកង់មកហៅនាងទៅរៀនរាល់ថ្ងៃ ដែលធ្វើឲ្យខ្ញុំមានមោទភាពយ៉ាងក្រៃលែង ហើយរមែងគិតថា ថ្ងៃណាមួយខ្ញុំនឹងបានជួបពួកគេនៅទីក្រុងភ្នំពេញក្នុងឈ្មោះជានិសិ្សត។ តែអ្វីៗរលាយដូចអំបិលត្រូវទឹក។ ក្នុងចំណោមមិត្តភក្តិនាងទាំងបីនាក់ គឺមានតែម្នាក់ប៉ុណ្ណោះដែលបានទៅរៀនបន្តនៅវិទ្យាល័យ ដោយសារតែឪពុកម្ដាយរបស់គេមានលុយគ្រប់គ្រាន់ ហើយមានបងស្រីដែលកំពុងតែធ្វើការក្នុងប្រទេសថៃជួយឧបត្ថម្ភបន្ថែមជារៀងរាល់ខែ។ ម្នាក់ទៅធ្វើការនៅប្រទេសថៃ ម្នាក់នៅផ្ទះជួយឪពុកម្ដាយចិញ្ចឹមជ្រូក និងធ្វើស្រាសរ និងស្រីធាដែលនៅផ្ទះដេរខោ។
គ្រួសាររបស់ស្រីធាធ្វើស្រែបន្តិចបន្តួចចិញ្ចឹមក្រពះ។ ឪពុកនាង គឺជាកម្មករលើកបាវស្រូវឲ្យអ្នកជិតខាងម្នាក់ ហើយគាត់មានអាយុ៦០ឆ្នាំជាង។ ចំណែកឯម្ដាយនាង គឺជាស្រ្តីមេផ្ទះ។ នៅពេលដែលបងស្រី និងបងថ្លៃនាងទៅធ្វើការនៅប្រទេសថៃ គាត់ជាអ្នកមើលថែចៅប្រុសពីរនាក់របស់គាត់ ដែលមានអាយុក្រោម១០ឆ្នាំ។ ស្រីធាគឺជាមិត្តភក្តិ និងជាប្អូនស្រីដ៏ល្អម្នាក់ដែលខ្ញុំមានកុមារភាពល្អជាមួយ។ នាងតែងតែគាំទ្រខ្ញុំ រាល់អ្វីដែលខ្ញុំធ្វើ មិនថាអ្នកដទៃនិយាយមិនល្អអំពីខ្ញុំក៏ដោយ។ នាងតែងតែសរសើរខ្ញុំរហូត សសើរពីនេះពីនោះ ដែលធ្វើឲ្យខ្ញុំមានទឹកចិត្តមោះមុតនិងគំនិតវិជ្ជមានលើខ្លួនឯងរហូតមកថា ខ្ញុំជាមនុស្សស្រីម្នាក់ដែលអាចធ្វើអ្វីៗបានដូចប្រុសៗដទៃ។
រឿងនេះ មិនមែនជារឿងពិតរបស់នាងតែម្នាក់ទេ ប៉ុន្តែវារឿងពិតឆ្លុះបញ្ចាំងពីជីវិតរបស់សិស្សភាគច្រើននៅក្នុងឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យទាំងមូល។ សិស្សភាគច្រើនពុំសូវមានឱកាសទៅរៀនបន្តនៅពេលដែលគាត់ប្រឡងជាប់ឌីប្លូមនោះទេ ដោយសារតែមូលហេតុដូចខាងក្រោម៖
១. ជីវភាព និងសេដ្ធកិច្ច៖ ឪពុកម្ដាយរបស់សិស្សភាគច្រើនជាកសិករ។ ពួកគាត់ធ្វើស្រែ និងដាំដំណាំផ្សេងៗគឺពឹងផ្អែកលើទឺកភ្លៀងទាំងស្រុង ព្រោះនៅឃុំចង្ហាអត់មានធារាសាស្រ្តគ្រប់គ្រាន់ និយាយទៅគឺអត់មានតែម្ដង។ បើប្រៀបធៀបនឹង៥ឆ្នាំមុន កសិករមិនសូវពិបាកដូចរាល់ថ្ងៃនោះទេ ព្រោះពីមុនមានទឹកភ្លៀងគ្រប់គ្រាន់ដើម្បីធ្វើស្រែចម្ការ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ មានគ្រោះទឹកជំនន់ផង គ្រោះរាំងស្ងួតផង ដែលធ្វើឲ្យពួកគាត់មិនសូវបានផលច្រើនពីការធ្វើស្រែចម្ការ។ អ្នកខ្លះខ្ចីលុយគេ ឮធនាគារដើម្បីទិញជី ឮទិញស្រូវពូជទុកធ្វើស្រែសម្រាប់ឆ្នាំក្រោយ ដោយរំពឹងថាឆ្នាំក្រោយមេឃនឹងផ្ដល់ទឹកភ្លៀងឲ្យគ្រប់គ្រាន់ និងមិនមានគ្រោះរាំងស្ងួត។ ឆ្នាំក្រោយទៀត ក៏នៅអញ្ចឹងដដែល ហើយឆ្នាំខ្លះកាន់តែអាក្រក់ជាងឆ្នាំមុនៗទៅទៀត។ ប្រជាជនខ្មែរ និងមិនមែនខ្មែរមួយចំនួននិយាយថា កសិករខ្មែរខ្ជិល ធ្វើស្រែតែមួយដងក្នុងមួយឆ្នាំ សល់ពេលប៉ុន្មានទុកដេកផ្ទះ និយាយដើមគេ ល។ តែបើសិនជាគិតមែនទែនទៅ តើមូលហេតុអ្វីពិតប្រាកដ? សួរថា តើរាល់ថ្ងៃមានខេត្តនៅក្នុងប្រទេសកម្ពុជាចំនួនប៉ុន្មានដែលមានប្រព័ន្ធធារាសាស្រ្តគ្រប់គ្រាន់សម្រាប់កសិករធ្វើស្រែ ស្រែប្រាំង និងដាំដំណាំ? បើនៅក្នុងឃុំចង្ហាជាក់ស្ដែង គឺអត់មានតែម្ដង។ ភ្លៀងក៏មិនសូវមាន ប្រព័ន្ធធារាស្រ្តក៏គ្មាន អញ្ចឹងហើយឲ្យពួកគាត់ធ្វើស្រែនិងដាំដំណាំដោយប្រើប្រាស់ទឹកមាត់របស់ពួកគាត់មែនទេ?
២. ស្ថានភាពគ្រួសារ និងសាលា៖ នៅក្នុងឃុំចង្ហា មានសាលាបឋមសិក្សាតែមួយគត់។ នៅពេលដែលសិស្សរៀនចប់បឋមសិក្សា ពួកគេត្រូវទៅរៀននៅអនុវិទ្យាល័យឈូក ដែលមានចម្ងាយប្រមាណ៧គីឡូម៉ែតពីឃុំចង្ហា។ ហើយបើសិនជាគេប្រឡងជាប់ថ្នាក់ទី៩ ពួកគេត្រូវតែសម្រេចចិត្តថា តើឪពុកម្ដាយពួកគេអាចនឹងមានលទ្ធភាពគ្រប់គ្រាន់បញ្ជូនពួកគេទៅរៀនបន្តនៅខេត្តដែរឬទេ? ព្រោះនៅក្នុងឃុំចង្ហាអត់មានវិទ្យាល័យទេ។ ចម្លើយសំណួរមួយនេះ គឺកំណត់វាសនារបស់ពួកគេ។ ដើម្បីបន្តការសិក្សាបាន សិស្សត្រូវតែប្ដូទៅរៀននៅខេត្ត ហើយពួកគាត់ត្រូវតែមានលទ្ធភាពជួលផ្ទះ និងបង់ថ្លៃរៀនគួរបន្ថែមនៅសាលា។ ត្រង់នេះហើយដែលធ្វើឲ្យឪពុកម្ដាយភាគច្រើន សមេ្រចចិត្តឲ្យកូនឈប់រៀន។ ហើយត្រង់នេះហើយ ដែលធ្វើឲ្យស្រីធាស្រងាកចិត្តមិនហ៊ានសុំឪពុកម្ដាយនាងទៅរៀនបន្ត។
៣. បរិបទសង្គម៖ ឪពុកម្ដាយខ្លះនិយាយថា តើរៀនធ្វើអីបើរៀនចប់សាកលវិទ្យាល័យ នៅទៅធ្វើការនៅស្រុកថៃដដែល? រៀនអត់ប្រយោជន៍។ ចំណាយលុយរាប់សិបលានទៅរៀន តែចុងក្រោយទៅបម្រើគេដដែល។ ខ្ញុំមិនអាចនិយាយថា ពួកគាត់ខុសនោទេព្រោះអីវាមានករណីបែបនេះកើតឡើងនៅក្នុងស្រុកមែន ដែលប្រហែលពីរឬបីនាក់ទៅធ្វើការនៅថៃ បន្ទាប់ពីយកលុយទៅផឹកសុី ដើរលេង អត់ទៅរៀន។ ហើយពួកគាត់ក៏អាចខុសដែរ ដោយសារមនុស្សមិនដូចគ្នាទាំងអស់នោះទេ។ បើសិនជាពួកគាត់ទុកចិត្តកូនគាត់ ហើយលើកទឹកចិត្តកុំឲ្យធ្វើដូចគេ ប្រហែលជាវាសនាអាចនឹងប្រែប្រួល។ ហើយសិស្សមួយចំនួនរៀនមិនចូល ដោយសារតែកត្តាសម្ភារនិយម។ ក្មេងៗនិងចាស់ៗមួយចំនួនដែលត្រឡប់មកលេងស្រុកកំណើតកំឡុងពេលចូលឆ្នាំខ្មែរ និងភ្ជុំបិណ្ឌ មានទូរស័ព្ទទំនើបៗ ម៉ូតូថ្លៃៗជិះ និងធុងបាស់ស្អាតៗ ដែលធ្វើឲ្យអ្នកនៅក្នុងស្រុកចង់បានដូចពួកគាត់ដែរ។ អ្នកខ្លះក៏សម្រេចចិត្តទៅធ្វើការនៅប្រទេសថៃ ដោយសារទ្រាំមិនបាននឹងការបង្ហាញរបស់ទំនើបៗទាំងអស់នោះ។
វាអាចនឹងមានមូលហេតុច្រើនជាងនេះទៀត ប៉ុន្តែខ្ញុំសូមជ្រើសយកតែបីប៉ុណ្ណោះមកនិយាយ។ និយាយពីស្រីធាវិញ សព្វថ្ងៃនាងដេរខោនៅផ្ទះ និងជួយធ្វើការងារផ្ទះម្ដាយនាងបន្ដិចបន្តួចនៅពេលនាងទំនេរពីការងាររបស់នាង។ អនាគត នាងអាចនឹងទៅធ្វើការនៅប្រទេសថៃដូចសិស្សដទៃដែរ ដោយសារតែការដេរខោមិនអាចផ្ដល់កម្រៃគ្រប់គ្រាន់ឲ្យនាងបាននោះទេ។
ការដែលបោះបង់ការសិក្សាដោយសារតែអត់មានថវិការ គឺមានដំណោះស្រាយច្រើន បើសិនជាយើងខិតខំប្រឹងប្រែងដោះស្រាយវាជាមួយគ្នា។ ការលើកកម្ពស់ការអប់រំដល់ក្មេងស្រីនៅតែមានកម្រិតនៅក្នុងប្រទេសកម្ពុជា។ ទោះបីមានស្ថិតិថា ការបោះបង់ការសិក្សារបស់ក្មេងស្រី ជាពិសេសសិស្សអនុវិទ្យាល័យមានការធ្លាក់ចុះ តែការពិតនៅតែកើនឡើង។ តើក្នុងនាមយើងជាយុវជនម្នាក់ តើយើងមានកាតព្វកិច្ចអ្វីខ្លះដើម្បីដោះស្រាយបញ្ហានេះ?
ដោយ៖ ម៉េង






Comments